17. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។
18. មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។
19. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។
20. លោកស្គាល់បទបញ្ជា*ស្រាប់ហើយថា “កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពមាតាបិតា”»។
21. បុរសនោះទូលព្រះយេស៊ូថា “ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះតាំងតែពីក្មេងមក”។
22. ព្រះយេស៊ូឮដូច្នេះ ទ្រង់មានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកឲ្យជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។
23. ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។
24. កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ត ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ណាស់
25. សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។
26. អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។
27. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។
28. លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។
29. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និងបងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់
30. អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។