20. ពួកខាងគណៈផារីស៊ី*ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។
21. គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
22. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស*យាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។
23. ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។
24. បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
25. ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។
26. នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ*ដែរ។
27. កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។
28. នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត*ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។
29. ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។
30. នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។