2. ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក ទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។
3. ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឲ្យគាត់ទៅ។
4. ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឲ្យគាត់ទៅ»។
5. ពួកសាវ័ក*ទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។
6. ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
7. «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។
8. ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។
9. ម្ចាស់មិនដែលអរគុណអ្នកបម្រើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។
10. រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
11. កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។