3. អ្នកបម្រើនោះរិះគិតក្នុងចិត្តថា “ចៅហ្វាយលែងឲ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្តិលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។
4. អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឲ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។
5. គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។
6. កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។
7. បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។
8. ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
9. «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទៅធ្វើទាន ដើម្បីឲ្យមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅមិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។
10. អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
11. ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ ដែលបញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។
12. ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិ អ្នកដទៃផង ធ្វើម្ដេចឲ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!
13. គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
14. កាលពួកខាងគណៈផារីស៊ី*ឮដូច្នោះ គេក៏ចំអកឲ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។
15. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
16. គម្ពីរវិន័យ* និងគម្ពីរព្យាការី*បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ* អំពីព្រះរាជ្យ*ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។
17. ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិនរលាយឡើយ សូម្បីតែ តួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
18. បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
19. «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។