លូកា 16:17-29 Khmer Standard Version (KHSV)

17. ផ្ទៃ​មេឃ​ផែន‌ដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យ‌វិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។

18. បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

19. «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។

20. មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។

21. អ្នក​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។

22. ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវតា*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

23. នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​អ្នក​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។

24. គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។

25. លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។

26. ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។

27. អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង

28. ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។

29. លោក​អប្រាហាំ​ឆ្លើយ​ថា “បង‌ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។

លូកា 16