13. គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
14. កាលពួកខាងគណៈផារីស៊ី*ឮដូច្នោះ គេក៏ចំអកឲ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។
15. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
16. គម្ពីរវិន័យ* និងគម្ពីរព្យាការី*បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ* អំពីព្រះរាជ្យ*ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។
17. ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិនរលាយឡើយ សូម្បីតែ តួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
18. បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
19. «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
20. មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។
21. អ្នកឡាសារចង់បរិភោគកម្ទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។