10. អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
11. ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ ដែលបញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។
12. ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិ អ្នកដទៃផង ធ្វើម្ដេចឲ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!
13. គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
14. កាលពួកខាងគណៈផារីស៊ី*ឮដូច្នោះ គេក៏ចំអកឲ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។
15. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
16. គម្ពីរវិន័យ* និងគម្ពីរព្យាការី*បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ* អំពីព្រះរាជ្យ*ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។
17. ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិនរលាយឡើយ សូម្បីតែ តួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
18. បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។