13. ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។
14. ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។
15. គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចម្ការ។
16. គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។
17. ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។
18. អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។
19. មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។
20. លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
21. កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ”។
22. ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឲ្យផង។
23. ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ
24. ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
25. ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ
26. គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។
27. អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត”។