2. មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។
3. ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យបានជា នៅថ្ងៃសប្ប័ទឬទេ?»។
4. គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។
5. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោ ធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។
6. គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះបានឡើយ។
7. ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖
8. «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។
9. ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។