17. លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។
18. ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។
19. ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើលសូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។
20. ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ”។
21. អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។
22. បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។
23. ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។
24. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។
25. មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖
26. «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
27. អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។
28. ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឲ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា
29. ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឲ្យមិនខាន។