7. គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។
8. អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។
9. ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។
10. ថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ*។
11. នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។
12. ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។
13. ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។
14. ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។
15. ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?
16. ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។
17. កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
18. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?