20. ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?
21. ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
22. ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។
23. មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះ មានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
24. «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្តែ គេមិនអាចចូលបានឡើយ។
25. កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។
26. អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។
27. លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។
28. កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។
29. មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។
30. ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
31. នៅពេលនោះ មានពួកខាងគណៈផារីស៊ី*ខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។