7. សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។
8. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស*នឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតា*របស់ព្រះជាម្ចាស់ដែរ។
9. រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។
10. អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គមិនលើកលែងទោសឲ្យឡើយ។
11. កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ
12. ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។
13. ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។
14. ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។
15. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។