44. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។
45. ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។
46. ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។
47. អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។
48. ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
49. «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។
50. ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។
51. កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សន្តិភាពឲ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។
52. ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់