40. រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
41. លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។
42. ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។
43. ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។
44. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។
45. ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។
46. ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។