33. ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។
34. ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។
35. «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។
36. ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។
37. ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។
38. បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។
39. អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់បានឡើយ។
40. រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
41. លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។
42. ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។
43. ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។
44. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។
45. ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។