16. ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។
17. គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។
18. គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។
19. បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។
20. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថា:“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។
21. អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។
22. ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ
23. ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។
24. ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។
25. ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងបានឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។