11. កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ
12. ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។
13. ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។
14. ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។
15. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។
16. ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។
17. គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។
18. គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។
19. បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។
20. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថា:“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។
21. អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។
22. ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ
23. ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។
24. ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។
25. ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងបានឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។
26. ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។
27. ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។
28. មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?
29. ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ
30. ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
31. ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។