1. ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្ស*ថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។
2. ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។
3. ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។
4. ខ្ញុំសុំប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។
5. ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។
6. ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។
7. សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។
8. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស*នឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតា*របស់ព្រះជាម្ចាស់ដែរ។
9. រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។
10. អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គមិនលើកលែងទោសឲ្យឡើយ។
11. កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ