34. ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។
35. ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។
36. ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។
37. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី* បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។
38. អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។
39. ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយអ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។
40. មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ?
41. ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ* សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
42. ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត* ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការណ៍ដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។
43. ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងសាលាប្រជុំ* ហើយចូលចិត្តឲ្យគេអោនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។
44. អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។
45. មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកត្មះតិះដៀលយើងខ្ញុំ»។