27. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល*មែន!»។
28. ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
29. ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។
30. លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។
31. នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។
32. នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។
33. «ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។
34. ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។
35. ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។