32. មានម្នាក់ពីក្រុមលេវី*ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
33. គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។
34. គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រា ចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។
35. ស្អែកឡើង គាត់យកប្រាក់ប្រគល់ឲ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។
36. ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។
37. អាចារ្យ*ឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឲ្យបានដូចអ្នកនោះទៅ»។
38. កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឲ្យស្នាក់ក្នុងផ្ទះនាង។
39. នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់* ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។
40. រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។
41. ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់
42. ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។