26. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យមានចែងអ្វីខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។
27. គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។
28. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។
29. ប៉ុន្តែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។
30. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។
31. ពេលនោះ មានបូជាចារ្យ*មួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
32. មានម្នាក់ពីក្រុមលេវី*ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
33. គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។
34. គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រា ចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។
35. ស្អែកឡើង គាត់យកប្រាក់ប្រគល់ឲ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។
36. ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។
37. អាចារ្យ*ឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឲ្យបានដូចអ្នកនោះទៅ»។
38. កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឲ្យស្នាក់ក្នុងផ្ទះនាង។
39. នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់* ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។
40. រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។