1. ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស*ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។
2. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។
3. ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងចចក។
4. កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។
5. ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ”។
6. បើនៅក្នុងផ្ទះនោះមានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។