9. គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
10. ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។
11. រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។
12. ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។
13. ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”។
14. កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។
15. កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។
16. កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។
17. កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះអម្ចាស់»។
18. លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថាការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។
19. ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក
20. ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
21. ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។
22. កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។
23. លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។
24. ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖
25. «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
26. ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
27. ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។
28. ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។