57. លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។
58. អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
59. ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ
60. តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។
61. ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។
62. គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។
63. លោកសាការីសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។
64. រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។
65. អ្នកជិតខាងកោតស្ញប់ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។
66. អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមី របស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។
67. ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖
68. «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
69. ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌជាអ្នកបម្រើព្រះអង្គមកឲ្យយើង។
70. ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើងស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម
71. គឺព្រះអង្គសង្គ្រោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
72. ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរស*របស់យើងហើយគោរពតាមសម្ពន្ធមេត្រី*ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
73. គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា