53. ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្ដេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ។
54. ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា
55. ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ»។
56. នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិត អស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
57. លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។
58. អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
59. ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ
60. តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។
61. ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។
62. គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។
63. លោកសាការីសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។
64. រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។
65. អ្នកជិតខាងកោតស្ញប់ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។