45. នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូល ដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។
46. ពេលនោះ នាងម៉ារីថ្លែងឡើងថា៖«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់*
47. ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំងព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
48. ព្រះអង្គទតមើលមកខ្ញុំដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គអំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលពិតមែន
49. ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
50. ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
51. ទ្រង់បានសម្តែងឫទ្ធិបារមីកំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
52. ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែងហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
53. ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្ដេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ។
54. ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា
55. ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ»។
56. នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិត អស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។