1. សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។
2. អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្តមកយើងខ្ញុំ។
3. ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនលោក។
4. ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
5. នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ*មួយរូប ឈ្មោះសាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អើរ៉ុន
6. ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
7. អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។
8. ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។
9. គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
10. ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។
11. រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។
12. ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។
13. ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”។
14. កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។