3. ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ដ ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់
4. គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ
5. មានបុព្វបុរស ហើយព្រះគ្រិស្ដក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!
6. ក៏ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ
7. ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថាជាពូជពង្សរបស់អ្នក»
8. ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន
9. ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។
10. មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។
11. ព្រះជាម្ចាស់មានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ
12. ព្រះអង្គក៏មានព្រះបន្ទូលទៅនាងរេបិកាថា «កូនច្បងនឹងបម្រើកូនប្អូន»
13. ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ»។
14. ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេ មិនមែនទេ!
15. ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា: «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណា ដែលយើងអាណិតអាសូរដែរ»។