16. ដូច្នេះ មិនមែនស្រេចតាមតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតាមតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ
17. ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នកនិងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល»។
18. ដូច្នេះ ព្រះអង្គមេត្តាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យចិត្តនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
19. ប្រហែលជាអ្នកសួរខ្ញុំថា «បើដូច្នេះ ម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គ?»។
20. ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។
21. ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
22. រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ព្រះអង្គស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធ ហើយត្រូវវិនាសអន្តរាយ។
23. ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ព្រះអង្គ ចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរ ជាអ្នកដែលព្រះអង្គបានតម្រូវទុកជាមុនឲ្យទទួលសិរីរុងរឿង
24. ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង
25. ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថា: «អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ ដ៏ជាទីស្រឡាញ់របស់យើង
26. ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើងទេ!” ត្រង់នោះគេនឹងមានឈ្មោះថាជាបុត្រ របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» ។
27. រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថា: ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ
28. ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូល របស់ព្រះអង្គគ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ។
29. មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថា: ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល មិនបានទុកកូនចៅយើងមួយចំនួន ឲ្យនៅសល់ទេ នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង កូម៉ូរ៉ាដែរ។
30. ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។