រ៉ូម 7:4-11 Khmer Standard Version (KHSV)

4. រីឯ​បង‌ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ដោយ‌សារ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ បង‌ប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះ‌គ្រិស្ដ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ‌ជាម្ចាស់

5. ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់

6. តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំ‌ឃាំង​យើង ដូច្នេះ យើង​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​ថ្មី ដែល​មក​ពី​ព្រះ‌វិញ្ញាណ មិន​មែន​បម្រើ​តាម​របៀប​ចាស់ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។

7. ដូច្នេះ យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​ស្គាល់​បាប​ប៉ុណ្ណោះ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។

8. បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​។

9. ពី​ដើម ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ។ លុះ​បញ្ញត្តិ​មក​ដល់ បាប​ក៏​កើត​មាន​ឡើង

10. រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ

11. ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្តិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយ‌សារ​បញ្ញត្តិ​នេះ។

រ៉ូម 7