11. ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្តិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើឲ្យខ្ញុំស្លាប់ដោយសារបញ្ញត្តិនេះ។
12. ដូច្នេះ ក្រឹត្យវិន័យក៏វិសុទ្ធ* រីឯបញ្ញត្តិក៏វិសុទ្ធ សុចរិត ហើយល្អដែរ។
13. តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
14. យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ លក់ខ្លួនដាច់ថ្លៃឲ្យបាប
15. ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។
16. ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថា ខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថា ក្រឹត្យវិន័យពិតជាល្អមែន។
17. ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្តកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ត
18. ដ្បិតខ្ញុំដឹងថាអ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺ មិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អឡើយ។
19. ខ្ញុំមិនប្រព្រឹត្តអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។
20. ប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ត។