9. ព្រោះយើងដឹងថា ព្រះគ្រិស្ដដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ
10. ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឲ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។
11. រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។
12. ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ
13. ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូនឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។
14. បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
15. បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃក្រឹត្យវិន័យ* តែស្ថិតនៅក្រោមព្រះគុណ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ? ទេ មិនកើតទេ!
16. បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលនាំឲ្យបងប្អូនបានសុចរិត។