17. សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល
18. បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។
19. ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឲ្យបងប្អូនបានវិសុទ្ធ*យ៉ាងនោះដែរ។
20. កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។
21. កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!
22. តែឥឡូវនេះ បងប្អូនរួចពីអំណាចបាប មកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាវិសុទ្ធ* ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច
23. ដ្បិតលទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញ គឺជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។