រ៉ូម 5:6-16 Khmer Standard Version (KHSV)

6. កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។

7. កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ!

8. រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។

9. ឥឡូវ​នេះ បើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះ‌អង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រិស្ដ​ថែម​ទៀត​ជា​ពុំ‌ខាន។

10. បើ​ព្រះ‌ជា‌ម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត​ជា​ពុំ‌ខាន។

11. មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។

12. តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។

13. មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ។

14. ក៏​ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំ​មក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំ​ជា​និមិត្ត‌រូប​នៃ​ព្រះ‌គ្រិស្ដ​ដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។

15. ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រះ‌អំណោយ​ទាន​ដែល​បាន​មក​ពី​ព្រះ‌គុណ​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ដ​យ៉ាង​នោះ​ដែរ។

16. រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយ‌សារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​ព្រះ‌អំណោយ​ទាន​វិញ ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ត​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

រ៉ូម 5