រ៉ូម 4:5-14 Khmer Standard Version (KHSV)

5. ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​ឲ្យ​បាន​សុចរិត ទ្រង់​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។

6. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​បាន​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា:

7. «អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ!

8. បុរស​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​មិន​គិត‌គូរ ពី​បាប​របស់​ខ្លួន​ទេ បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»​។

9. តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះ‌អង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក»។

10. តើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​អប្រាហាំ​ឲ្យ​បាន​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។

11. លោក​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត ដោយ‌សារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក​តែ​មាន​ជំនឿ ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​គេ​ឲ្យ​បាន​សុចរិត។

12. លោក​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​អប្រាហាំ​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​លោក​មិន​ទាន់​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​នោះ​ផង។

13. ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​មក​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក​ថា គេ​នឹង​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ។

14. ប្រសិន​បើ​មនុស្ស​ទទួល​មត៌ក ដោយ​គោរព​តាម​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​ព្រះ‌បន្ទូល​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ

រ៉ូម 4