17. ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកឲ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។
18. ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។
19. កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោក ឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។
20. លោកមិនបាត់ជំនឿ ហើយក៏មិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឲ្យលោកមានកម្លាំងចិត្តនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
21. ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមបានមិនខាន។
22. ហេតុនេះហើយបានជា «ព្រះជាម្ចាស់ប្រោសលោកឲ្យបានសុចរិត»។
23. ក៏ប៉ុន្តែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសឲ្យបានសុចរិត» នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ
24. គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសឲ្យបានសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញនេះដែរ។
25. ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។