1. ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ?
2. ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្តែ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ
3. ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ»។
4. ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។
5. ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
6. ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថា:
7. «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ!
8. បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!»។
9. តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃក៏អាចទទួលបានដែរ? យើងទើបនឹងនិយាយថា «ព្រះអង្គប្រោសលោកអប្រាហាំឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់លោក»។
10. តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំឲ្យបានសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។
11. លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិត ដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីកាត់ស្បែកតែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យបានសុចរិត។
12. លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។
13. ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។