25. ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប
26. ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត ដើម្បីសម្តែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យបានសុចរិតផងដែរ។
27. ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ
28. ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។
29. បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។
30. មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាឲ្យបានសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃឲ្យបានសុចរិត ដោយគេមានជំនឿដែរ។
31. ដូច្នេះ តើមានន័យថា យើងយកជំនឿមកលុបបំបាត់ក្រឹត្យវិន័យឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យក្រឹត្យវិន័យរឹតតែមានតម្លៃថែមទៀត។