19. យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
20. ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
21. ឥឡូវនេះ ព្រះជាម្ចាស់សម្តែងឲ្យយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។
22. ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រិស្ដឲ្យបានសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
23. គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ
24. តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់ប្រោសគេឲ្យបានសុចរិត ដោយឥតគិតថ្លៃ។
25. ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប
26. ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត ដើម្បីសម្តែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យបានសុចរិតផងដែរ។
27. ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ
28. ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។
29. បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។