10. ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង
11. គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។
12. មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។
13. «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក»។
14. «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់»។
15. «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
16. គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។
17. គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ»។
18. «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ»។
19. យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
20. ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
21. ឥឡូវនេះ ព្រះជាម្ចាស់សម្តែងឲ្យយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។
22. ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រិស្ដឲ្យបានសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
23. គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ
24. តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់ប្រោសគេឲ្យបានសុចរិត ដោយឥតគិតថ្លៃ។
25. ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប
26. ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត ដើម្បីសម្តែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យបានសុចរិតផងដែរ។
27. ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ