1. ដូច្នេះ តើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ?
2. សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។
3. បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ?
4. មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថា: «ត្រូវឲ្យគេទទួលស្គាល់ថាព្រះអង្គសុចរិត ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ ហើយព្រះអង្គនឹងមានជ័យជំនះ នៅពេលគេកាត់ក្តីព្រះអង្គ»។
5. ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាព្រះជាម្ចាស់សុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។
6. មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើឲ្យព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
7. មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យព្រះហឫទ័យសច្ចៈ របស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោសក្នុងនាមជាមនុស្សបាបទៅវិញ?
8. បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដើម្បីឲ្យមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!
9. បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី សុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា
10. ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង
11. គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។
12. មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។
13. «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក»។
14. «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់»។
15. «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
16. គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។
17. គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ»។
18. «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ»។
19. យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។