រ៉ូម 2:4-17 Khmer Standard Version (KHSV)

4. ឬ​មួយ​អ្នក​មើល‌ងាយ​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​យោគ‌យល់ និង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ព្រះ‌អង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?

5. ក៏​ប៉ុន្តែ ដោយ​អ្នក​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ ជា​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​សម្តែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌

6. គឺ​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ផល​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

7. ព្រះ‌អង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ដល់​អស់​អ្នក ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុងរឿង កិត្តិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប‌សូន្យ

8. តែ​ព្រះ‌អង្គ​ព្រះ‌ពិរោធ និង​ដាក់​ទោស​យ៉ាង​ធ្ងន់​ចំពោះ​អស់​អ្នក ដែល​គិត​តែ​ឈ្លោះ​ប្រកែក មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ពិត គឺ​បែរ​ទៅ​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​វិញ។

9. ទុក្ខ​លំបាក ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក!

10. រីឯ​សិរី‌រុងរឿង កិត្តិយស និង​សេចក្ដី​សុខ‌សាន្ត នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​វិញ មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក!

11. ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

12. អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ

13. ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​បាន​សុចរិត។

14. ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។

15. ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។

16. ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះ‌គ្រិស្ដ‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។

17. ចំពោះ​អ្នក​វិញ អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា អ្នក​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ហើយ​អួត‌អាង​ខ្លួន​ថា ខ្លួន​ជិត​ស្និទ្ធ​នឹង​ព្រះ‌ជា‌ម្ចាស់​

រ៉ូម 2