2. យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។
3. រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ?
4. ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និងព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ?
5. ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌
6. គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
7. ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ
8. តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។
9. ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក!
10. រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក!
11. ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
12. អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោស ស្របតាមក្រឹត្យវិន័យដែរ