18. អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ
19. អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត
20. ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។
21. អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ!
22. អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ!
23. អ្នកអួតអាងលើក្រឹត្យវិន័យ តែអ្នកបែរជាបង្អាប់កិត្តិយសព្រះជាម្ចាស់ ដោយប្រព្រឹត្តល្មើសក្រឹត្យវិន័យ
24. ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នា បានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់»។
25. ការកាត់ស្បែក*មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ ប៉ុន្តែ បើអ្នកប្រព្រឹត្តល្មើសក្រឹត្យវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។
26. ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់តាមបទបញ្ជារបស់ក្រឹត្យវិន័យ ព្រះជាម្ចាស់ក៏ចាត់ទុកគេដូចជាបានកាត់ស្បែកដែរ!។
27. ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមក្រឹត្យវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសក្រឹត្យវិន័យ។
28. សាសន៍យូដាដ៏ពិតប្រាកដមិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការកាត់ស្បែកដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ
29. សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។