1. ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំនុំនៅក្រុងកេងគ្រា
2. សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់ឲ្យសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។
3. សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រិស្ដ រួមជាមួយខ្ញុំ
4. គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។
5. សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។
6. សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។
7. សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាស ជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័ក*ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រិស្ដមុនខ្ញុំផង។
8. សូមជម្រាបសួរលោកអាំភ្លាសដ៏ជាទីស្រឡាញ់របស់ខ្ញុំ ក្នុងព្រះអម្ចាស់។
9. សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើព្រះគ្រិស្ដរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។
10. សូមជម្រាបសួរលោកអពេលេស ដែលបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រិស្ដ។ សូមជម្រាបសួរបងប្អូនដែលជាក្រុមញាតិរបស់លោកអើរិស្ដូប៊ូល។
11. សូមជម្រាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជម្រាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និងជាក្រុមញាតិលោកណើគីស។
12. សូមជម្រាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបានបម្រើព្រះអម្ចាស់យ៉ាងនឿយហត់។ សូមជម្រាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបានបម្រើព្រះអម្ចាស់យ៉ាងនឿយហត់។
13. សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។
14. សូមជម្រាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។
15. សូមជម្រាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីគាត់ ព្រមទាំងជម្រាបសួរលោកអូលីមប៉ាស និងប្រជាជនដ៏វិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។
16. សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ សូមជម្រាបសួរមកបងប្អូន។
17. បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្តចេញពីជំនឿ ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួល សូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ
18. ដ្បិតមនុស្សប្រភេទនេះមិនបម្រើព្រះគ្រិស្ដជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសម្ដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។