8. ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រិស្ដបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលកាត់ស្បែក* ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស* និងសម្តែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។
9. រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថា: «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ»។
10. មានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ ជាមួយប្រជារាស្ត្ររបស់ព្រះអង្គទៅ!»។
11. ហើយមានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវឲ្យប្រជារាស្ត្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។
12. ព្យាការីអេសាយក៏មានប្រសាសន៍ថា: «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ»។
13. សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
14. បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។
15. ក៏ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ
16. ឲ្យបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យបានវិសុទ្ធ។
17. ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់