10. មានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ ជាមួយប្រជារាស្ត្ររបស់ព្រះអង្គទៅ!»។
11. ហើយមានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវឲ្យប្រជារាស្ត្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។
12. ព្យាការីអេសាយក៏មានប្រសាសន៍ថា: «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ»។
13. សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
14. បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។
15. ក៏ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ
16. ឲ្យបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យបានវិសុទ្ធ។
17. ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់
18. ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្ដធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។
19. ព្រះអង្គសម្តែងឫទ្ធានុភាពនៃទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រះអង្គសម្តែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្ដសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។
20. ក៏ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ
21. គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថា: «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីព្រះអង្គ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់»។
22. ការនេះហើយដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។
23. ប៉ុន្តែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង
24. នៅពេលណាខ្ញុំទៅស្រុកអេស្ប៉ាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ត ស្នាក់នៅជាមួយបងប្អូនបន្តិចមក។
25. ប៉ុន្តែ ពេលនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏វិសុទ្ធ*
26. ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។
27. បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។