8. ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច
9. ដ្បិតព្រះគ្រិស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
10. រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់
11. ដ្បិតមានចែងទុកមកថា: ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ។
12. ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
13. ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។
14. ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។
15. ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្ដបានសោយទិវង្គតសម្រាប់គេហើយ។
16. អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាបានឡើយ
17. ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
18. អ្នកណាបម្រើព្រះគ្រិស្ដរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។
19. ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។
20. មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិត អ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្តែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលឲ្យអ្នកផ្សេងជំពប់ចិត្ត បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្តការអាក្រក់ទៅវិញ។
21. ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្ត បាត់ជំនឿនោះ ជាការល្អប្រពៃហើយ។
22. អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!